Wednesday, October 7, 2015

ហេតុអ្វីបានជាខ្មែរបូជាសព?

ហេតុអ្វីបានជាខ្មែរបូជាសព?



ទំនៀមទម្លាប់ប្រពៃណី គឺជាសញ្ញាណរបស់ជាតិនីមួយៗ ដែលបង្ហាញពិភពលោកឲ្យស្គាល់នូវជាតិសាសន៍របស់ខ្លួន។ ពិធីនៃការបូជាសពក៏ជាទំនៀមទម្លាប់របស់ខ្មែរយើងមួយផងដែរ ដែលបុព្វបុរសខ្មែរយើងបានអនុវត្តតៗមកនៅពេលដែលមាននរណាម្នាក់ស្លាប់។ នៅក្នុងសៀវភៅទស្សនាវដ្តីកម្ពុជា លេខ១៤៦ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបរាប់ពីហេតុដែលនាំឲ្យខ្មែរបូជាសពថា៖

នាដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជ ខ្មែរយើងបានទទួលឥទ្ធិពលនៃវប្បធម៌ក្លិង្គ ដែលមានព្រហ្មញ្ញសាសនា និងពុទ្ធសាសនាជាមូលដ្ឋាន។ ដូច្នេះក្នុងបរិស្ថានវប្បធម៌សំស្រឹ្កត ជនជាតិខ្មែរយើងបានផ្លាស់ប្តូរទម្រង់វប្បធម៌របស់ខ្លួនបន្តិចម្តងៗ ពិធីកប់សព ទៅពិធីបូជាសពដូចដែលបានកត់ត្រាទុកក្នុងកំណត់ហេតុចិននាសម័យបុរាណថា ខ្មែរយើងបូជាសពដោយមានវត្តមានរបស់ព្រះភិក្ខុសង្ឃ មិនខុសពីប្រពៃណី ដែលខ្មែរប្រារព្ធនៅក្នុងពេលបច្ចុប្បន្នប៉ុន្មានទេ ដោយពួកគេកោរសក់ដើម្បីកាន់ទុក្ខ។ ក្រុមគ្រួសារបាននិមន្តព្រះសង្ឃមកសូត្រធម៌ហើយហែក្បួនសពទៅកាន់កន្លែងបូជាដោយមានភ្លេងខ្មោចលេងកំដរ ហើយសពត្រូវបូជាក្នុងបច្ឆាសង់ដោយឈើក្រអូប ក្រោយពីបូជាព្រះភ្លើងរូចគេរើសធាតុដាក់ក្នុងកោដ្ឋធ្វើអំពីដីដុត ដោយមានលាបពណ៌ផ្សេងៗ ឬដាក់ក្នុងកោដ្ឋមាសបើអ្នកស្លាប់នោះជាព្រះរាជវង្សានុវង្ស ឬជាព្រះមហាក្សត្រ។

ឯកសារខាងលើនេះ បានបញ្ជាក់នូវចំណាស់នៃទំនៀមទម្លាប់ដុតខ្មោចនាសម័យនគរភ្នំ ក៏ប៉ុន្តែបញ្ហាដែលបានចោទឡើងនៅទីនេះ គឺហេតុដូចម្តេចបានជាខ្មែរនាសម័យនគរភ្នំបូជាសពខុសពីបុព្វការីជនរបស់ខ្លួនដែលនិយមកប់សពច្រើនជាងបូជាទៅវិញ។

បណ្ឌិត មីសែល ត្រាណេ ជាអ្នកស្រាវជ្រាវលើឯកសារជាច្រើនបានបញ្ជាក់ថា តាមទ្រឹស្តីអំពីព្រលឹង ឬវិញ្ញាណ ជនជាតិខ្មែរបុរាណជឿថា ក្រោយពីស្លាប់វិញ្ញាណនឹងចាប់បដិសន្ធិឡើងវិញ។ ជំនឿនេះសមស្របនឹងលទ្ធិព្រហ្មញ្ញសាសនា។ គេជឿថា វិញ្ញាណមនុស្ស ឬអាត្ម័នក្រោយពីមរណភាពអាចនឹងឡើងទៅជួបនឹងវិញ្ញាណនៃលោកទាំងមូល ឬព្រាហ្មណ៍តាមរយៈព្រះអគ្គីដែលដុតកំដៅជម្រះធាតុទាំង៥ដែលមានក្នុងខ្លួនប្រាណរបស់បុគ្គលនីមួយៗ។ អាស្រ័យហេតុនេះហើយបានជាខ្មែរ ទាំងព្រាហ្មណ៍ទាំងពុទ្ធសាសនានិយមបូជាសពនឹងព្រះភ្លើង។

លោក មីសែល ត្រាណេ បានបញ្ជាក់ថា អ្វីដែលពោលខាងលើនេះមិនមែនមានន័យថា ខ្មែរសម័យក្លិង្គចូលស្រុកមិនចេះបូជាសពនឹងភ្លើងទេ។ តាមពិតជនជាតិខ្មែរបានប្រារព្ធរួចហើយ ប៉ុន្តែមិនទាន់មានលក្ខណៈទូទៅ គេចូលចិត្តកប់ច្រើនជាងដុតសព។

ភ្លើងជាធាតុមួយដែលមានលក្ខណៈពិសិដ្ឋ ដោយហេតុថាវាជាប្រភពនៃជីវិត។ តាមគម្ពីរវេទ ធាតុភ្លើងនេះហើយដែលកំដៅលោក បង្កើតលោក ទ្រទ្រង់លោកពីភាពឆៅទៅភាពឆ្អិន ពីល្ងង់ទៅភាពភ្លឺស្វាង ពីអវិជ្ជាទៅអរិយភាព។ល។ ដូច្នេះ ហើយបានជាព្រាហ្មណ៍គោរពបូជាភ្លើងដោយតាំងឈ្មោះថាអគ្គី។ នៅពេលដែលបុព្វបុរសខ្មែរចាប់ផ្តើមកាន់ព្រហ្មញ្ញសាសនា គេឲ្យឈ្មោះភ្លើងថា ព្រះអគ្គី ក៏ប៉ុន្តែសម័យមុនប្រវត្តិសាស្ត្រ គេហៅថាថ្ងៃ។ ហើយការដែលខ្មែរប្រើពាក្យអាទិត្យដែលជាភាសាសំស្រ្កឹតជំនួសថ្ងៃ អាចធ្វើឲ្យគេមានភាពងាយស្រួលក្នុងការស្វែងយល់ពីអត្ថន័យរួម។

អ្នកប្រាជ្ញខ្មែរសម័យបុរាណបានឈ្វេងយល់ថា ខ្លួនប្រាណរបស់មនុស្សជាការផ្សំផ្គុំរវាងធាតុទាំង៥គឺ ទឹក ដី ខ្យល់ ភ្លើង និងវិញ្ញាណ ឬអាត្ម័ន ហើយក្រោយពីស្លាប់ ធាតុទាំង៥នេះត្រូវត្រឡប់ទៅកាន់ប្រភពដើមវិញសម្រាប់ជីវិតអមតៈគឺព្រាហ្មណ៍។ ព្រាហ្មណ៍គឺស្ថិតនៅខ្ពស់បំផុតដែលជាទីផុតរំដោះទុក្ខ។ ដូច្នេះដើម្បីអាត្ម័ន អាចនឹងទៅកាន់ទីអមតៈគេត្រូវបំពេញនូវពិធីបូជាភ្លើងដើម្បីសម្អាតសពស្មោគគ្រោកទៅកាន់បរលោក។

តាមរយៈអត្ថន័យនេះ យើងអាចសន្និដ្ឋានថា ភ្លើងមិនត្រឹមតែនាំមកនូវថាមពលកម្លាំងពលំ គឺនាំមកនូវគ្រឿងបូជាយញ្ញដូចជាសពទៅកាន់អាទិទេព ឬព្រាហ្មណ៍ថែមទៀតផង ក្រោយពីដុតសម្អាតភាពស្មោគគ្រោកឲ្យវិនាសអស់។ ដូច្នេះ ពិធីបូជារបស់ជនជាតិមានអត្ថន័យស៊ីជម្រៅពុំមែនជាជំនឿអកុសលគ្មានខ្លឹមសារនោះទេ ហេតុនេះហើយបានជាជនជាតិយើងនៅតែប្រារព្ធមិនដាច់តាំងពីបុរាណកាលរហូតដល់សព្វថ្ងៃ៕

អត្ថបទដោយ៖ លោកតាភ្លុក
Facebook Page : រឿងខ្មោច , Youtube Channel : រឿងខ្មោច​ , Twitter : រឿងខ្មោច , Email: រឿងខ្មោច



No comments:

Post a Comment